អភិបាលស្រុកស្ទោង លើកទឹកចិត្តអាជ្ញាធរឃុំត្រូវអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ពលរដ្ឋខ្លួន
(កំពង់ធំ)÷ អភិបាលស្រុកស្ទោងលើកទឹកចិត្តអាជ្ញាធរឃុំត្រូវអភិវឌ្ឍមូលដ្ឋានដោយឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ពលរដ្ឋខ្លួន លោក សាយ គឹមឡម បានលើកទឹកចិត្តដូច្នេះនៅក្នុងឱកាសដែលលោកនិងសហការី ព្រមទាំងមន្ត្រីជំនាញបច្ចេកទេសរដ្ឋបាលខេត្តកំពង់ធំ អាជ្ញាធរឃុំព្រះដំរីបានអញ្ជើញចុះពិនិត្យវាយតម្លៃសម្រេចនៃការធ្វើផ្លូវដែលជាថវិកាមូលនិធិឃុំ កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៦។
លោកបានបញ្ជាក់បន្ថែមថា ការអភិវឌ្ឍមូលដ្ឋានគឺជារឿងចាំបាច់មួយដែលឆ្លើយតបទៅនឹងតម្រូវការពលរដ្ឋជាក់ស្ដែងជាពិសេសការអនុវត្តនូវយុទ្ធសាស្ត្រដ៏ថ្លៃថ្លារបស់ សម្ដេចមហាប្រវត្តិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិទី៧នេះ ដែលជាការជំរុញយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព និងសក្តានុពល។
ទន្ទឹមនឹងនេះលោកបានអំពាវនាវបន្ថែមទៀតដល់អាជ្ញាធរឃុំព្រះដំរី និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវនាំគ្នាចូលរួមថែរក្សានូវសមិទ្ធផលដ៏អស្ចារ្យនេះដែលជា ផ្លូវថ្មីជាថវិកាមូលនិធិ ជាថវិកាជាតិសម្រាប់អភិវឌ្ឍមូលដ្ឋានឱ្យបានជាផ្លូវល្អស្ថិតស្ថេរប្រើប្រាស់បានយូរអង្វែង ជាពិសេសត្រូវថែរក្សាចំណីផ្លូវនិងខិតខំនាំគ្នាដាំដើមឈើអមសងខាងផ្លូវឱ្យបានស្រស់បំព្រងដែលជាផ្នែកមួយនៃបរិស្ថាន និងសោភ័ណភាពផងដែរ។
ជាមួយគ្នានេះលោកបានកោតសរសើរខ្ពស់ដល់លោក ឡូវ សេងហៀង ដែលជាម្ចាស់ក្រុមហ៊ុនតាំង សុខហុង ដែលមានភាពទទួលខុសត្រូវនិងសហការខ្ពស់ក្នុងការ ធ្វើផ្លូវថ្មីនេះប្រកបដោយបទដ្ឋានបច្ចេកទេសនិង កិច្ចសន្យាហើយសម្រេចបាននូវលទ្ធផល១០០% ដែលទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន និងក្រុមជំនាញបច្ចេកទេសរបស់រដ្ឋបាលខេត្តកំពង់ធំថែមទៀត។
ជាមួយគ្នានេះលោកអភិបាលស្រុកស្ទោងបានលើកទឹកចិត្តថែមទៀតដល់រដ្ឋបាលឃុំព្រះដំរីត្រូវផ្ដល់សេវាជូនពលរដ្ឋក្នុងមូលដ្ឋានដោយការទទួលខុសត្រូវ ជាមន្ត្រីដែលយល់សុខទុក្ខ ពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសពលរដ្ឋដែលងាយរងហានិភ័យគ្រួសារពិការ និងគ្រួសារវីរៈកងទ័ពព្រមទាំងគ្រួសារជនភៀសសឹកនៅក្នុងមូលដ្ឋានខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត។
ឆ្លៀតក្នុងឱកាសនោះលោក សាយ គឹមឡម និងសហការីបានអញ្ជើញចូលរួមដាំកូនឈើប្រមាណ២៤០ដើម អមសងខាងផ្លូវបេតុងស្ថិតនៅក្នុងឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំផងដែរ។
សូមបញ្ជាក់ថា ផ្លូវដែលបានកសាងជាមួយថវិកាមូលនិធិឃុំ មានប្រវែង ៣,៥៩០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ក្រួសក្រហម 0,១៥ម៉ែត្រ លូ៣កន្លែង ថវិកាសរុបប្រមាណ ៣៤១,៦៩០,០០០រៀល។




![]()